ស្នេហាមួយល្អទៅបាន គឺមានមនុស្សពីរនាក់ស្រលាញ់គ្នាសងខាង គ្មានការបង្ខិតបង្ខំដឹកញីបន្ស៉ីឈ្មោលឲ្យអ្នកណាម្នាក់ ឬរើសដើម្បីបញ្ចប់រឿងបញ្ចប់បញ្ហាកើតមានក្នុងជីវិតឡើយ។ ស្នេហាកើតឡើងរវាងបុគ្គលពីរនាក់ ដែលព្រមផ្ដល់ក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក។ បុគ្គលដែលព្រមលះបង់ភាពសប្បាយរបស់ខ្លួន ដើម្បីបំពេញចន្លោះខ្វះខាតឲ្យគ្នា។
ស្នេហាជាការមានទៅមានមក រវាងប្រុសស្រីដែលបានបង្កើតក្ដីស្រលាញ់ឡើងមក។ កុំប្រឡូកឲ្យសោះស្នេហាដែលមានតែម្ខាង ស្នេហាដែលបំពេញឲ្យតែម្នាក់ ស្នេហាដូចរាជបុត្រនិងព្រះនាង។ ស្នេហាដូចអំពិលអំពែកមិនច្បាស់លាស់ ឬស្នេហាជាការរុញច្រាននរណាម្នាក់ដើម្បីក្ដីសុខ និងការចង់បានជារបស់ខ្លួន។
រាល់ទំនាក់ទំនងដែលល្អ គឺត្រូវតែថែរក្សាគ្នា យកចិត្តទុកដាក់ក្នុងការថែរក្សាទំនាក់ទំនងគ្នា មានទាំងការទទួលនិងការឲ្យ។ បើរង់ចាំឲ្យម្នាក់នោះធ្វើ ម្នាក់នេះធ្វើវាមិនមែនទំនាក់ទំនងទេ ប៉ុន្តែជាការប្រើប្រាស់សេវាកម្មម្ខាងៗ ដើម្បីបំពេញមហិច្ឆតាខ្លួនហ្នឹងឯង។
ស្នេហាមិនមែនចាំតែម្ខាងៗទេ បើអ្នកមិនចេះផ្ដល់ឲ្យគ្នា នោះមិនមែនជាស្នេហាឡើយ។ វាដូចជាទាសករនៅចាំបម្រើយើងគ្រប់ពេលត្រូវការគេប៉ុណ្ណោះ។
កុំសួរថាម៉េចក៏ខ្ញុំជួបស្នេហាមិនសមប្រកបដូចគេ? ម្ដេចខ្ញុំជួបតែស្នេហាបោកប្រាស់ ការឈឺចាប់មិនចេះចប់ឬស្នេហាលឹបល ស្នេហាគ្មានរស់និយមដូចគេសោះចឹង។
មុនសួរ ក្រឡេកមើលខ្លួនឯងសិនថា តើអ្នកបានធ្វើល្អអ្វីខ្លះចំពោះអ្នកជុំវិញខ្លួន។ រាប់ចាប់តាំងពីការស្រលាញ់ខ្លួនឯង អ្នកជុំវិញ ជាពិសេសនោះគឺមនុស្សដែលយើងបានបង្កើតក្ដីស្រលាញ់ជាមួយគេ។
ស្នេហាអាចថាអាត្មានិយម ស្រលាញ់ងប់ងុល ប៉ុន្តែកុំឲ្យវាមកធ្វើជាមោហ៍បាំងមុខ លែងស្គាល់ល្អអាក្រក់ខ្មៅសឲ្យសោះ។ កុំបណ្ដោយឲ្យស្នេហាដឹកមុខ យកអាក្រក់ថាល្អ ហើយតាំងបន្ទោសខ្លួនឯងថានេះជាជោគវាសនា។ ជោគវាសនាយើងអាចកំណត់បានថា ត្រូវធ្វើយ៉ាងម៉េចត្រូវកែច្នៃយ៉ាងណាបានល្អដូចគេ។
យើងគ្រប់គ្នាអាចឲ្យនិយមន័យស្នេហាបាន អាស្រ័យលើអ្នកទាំងពីរនាក់ប៉ុណ្ណោះ។ ស្នេហាអាចថាបែកគ្នា ១០០ដង ឈឺចាប់រាប់ភ្លេច តែមិនព្រមឲ្យអ្នកជុំវិញខ្លួនឈឺទៅជាមួយដែរ៕