តើអ្នកធ្លាប់គិតចង់ចាប់ផ្តើមធ្វើអាជីវកម្មទេ? ចុះអញ្ចឹង តើមានអ្វីរារាំងអ្នកក្នុងការចាប់ផ្តើម? “ខ្ញុំខ្លាចថាខ្ញុំអាចនឹងបរាជ័យ ” គឺជាអ្វីដែលយើងតែងតែលឺ។
ឧបសគ្គធំបំផុតក្នុងការចាប់ផ្តើមធ្វើអាជីវកម្មគឺមិនមែនកង្វះខាតដើមទុន, ចំណេះដឹង, បច្ចេកទេស, ឬ គំនិតអាជីវកម្មនោះទេ។ ឧបសគ្គធំបំផុតគឺខ្លួនយើងផ្ទាល់។
ហេតុអ្វីមនុស្សដែលតែងសុបិន្តថាចង់ចាប់ផ្តើមអាជីវកម្ម បែរក្លាយជាឧបសគ្គធំបំផុតរបស់ខ្លួនឯងទៅវិញ? គឺដោយសារតែពួកគាត់ខ្លាចភាពមិនច្បាស់លាស់, ភាពមិនប្រាកដប្រជា, ខ្លាចនឹងអនាគត។ ជាញឹកញាប់ ពួកគាត់តែងគិតអំពី៖ ចុះបើខ្ញុំបរាជ័យ វានឹងទៅជាយ៉ាងណា? តើមនុស្សនៅជុំវិញខ្ញុំនឹងគិតដូចម្តេចមកលើខ្ញុំ? ខ្ញុំខ្លាចខ្មាស់គេណាស់។ ខ្ញុំខ្លាចខាតបង់ប្រាក់។
ការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន = ការទទួលយកហានិភ័យ។ អ្នកណាៗក៏មានការភ័យខ្លាចដែរ។ ប៉ុន្តែអ្វីដែលសំខាន់គឺយើងត្រូវយកឈ្នះភាពភ័យខ្លាចនោះ តាមរយៈការខិតខំសិក្សាស្រាវជ្រាវពីទីផ្សារ តម្រូវការអតិថិជន គូរប្រកួតប្រជែងឱ្យបានច្រើន និងរៀបចំផែនការឱ្យអស់ពីលទ្ធភាពតាមដែលអ្នកអាចធ្វើបាន។ រឿងចំបង មុនការប្រឡូកក្នុងអាជីវកម្ម គឺការមានព័ត៌មានឱ្យបានច្រើនជាមុន ដើម្បីកាត់បន្ថយនូវព្រឹត្តិការណ៍ឥតគ្រោងទុកណាមួយ ឬហានិភ័យផ្សេងៗ ដែលកើតមានជាយថាហេតុ។ ជួបឧបសគ្គអ្វីក៏ដោយ ត្រូវរកវិធីដោះស្រាយ។ ម៉្យាងទៀត កុំឃើញគេធ្វើអ្វីមួយបានជោគជ័យ ព្យាយាមធ្វើត្រាប់តាមគេទាំងងងឹតងងល់។
គួរផ្លាស់ប្តូរឥរិយាបថចំពោះពាក្យបរាជ័យ ហើយជំនួសវាដោយពាក្យរៀនសូត្រ, ការវិវត្ត និងការរីកចម្រើន។ ចាត់ទុកវាដូចជាដំណើរមួយដែលនឹងពោរពេញទៅដោយការពិសោធន៍ ដែលអ្នកនឹងរៀនសូត្របានច្រើនពីអ្វីដែលដំណើរការ និងអ្វីដែលមិនដំណើរការ។ អ្នកនឹងមិនដឹងទេថាគំនិតមួយអាចជោគជ័យ ឬបរាជ័យ ប្រសិនបើអ្នកមិនបានសាកល្បង ឬព្យាយាម។
ប្រភព៖Luybook