បាច់គុនអត្តសញ្ញាណជាតិរបស់កម្ពុជា គឺ «គុនល្បុក្កតោ» ត្រូវបានចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ របស់អង្គការ UNESCO ជាផ្លូវការនៅវេលាម៉ោង១០កន្លះ (ម៉ោងកម្ពុជា) យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារអបអរសាទរ និងខ្លឹមសាររបស់រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈយ៉ាងដូច្នេះថា៖
«សម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់, នាងខ្ញុំសូមគោរពជម្រាបជូនសម្តេចមេត្តាជ្រាបថា ក្នុងកិច្ចប្រជុំលើកទី១៧ គណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌអរូបីយនៃអង្គការយូណេស្កូ បានគោះញញួរសម្រេចចុះបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ‘’គុនល្បុកតោ‘’ នៅថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៦:៣១នាទីម៉ោងនៅទីក្រុង រ៉ាបាត ប្រទេស ម៉ារុក ត្រូវគ្នានឹងម៉ោង ២២:៣១នាទី នៅប្រទេសកម្ពុជាយើង។ ឯកសារនានា រួមទាំងវីដេអូផងនោះ នាងខ្ញុំបានផ្ញើជូនខុទ្ទកាល័យសម្តេចរួចស្រេចអស់ហើយដែរ។ នាងខ្ញុំសូមគោរពជម្រាបជូនព័ត៌មានត្រឹមនេះសិន ដោយនៅជាប់ក្នុងកិច្ចប្រជុំបន្តទៀតនៅឡើយ។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់។ សកុណា
សូមអបអរសាទរ, ថ្ងៃ២៩ វិច្ឆិកា ២០២២, ហ៊ុន សែន»។
គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅ នៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗ បន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង។
ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើក្នុងប្រទេស និងលើឆាកអន្តរជាតិ៕