តារាសិល្បៈប្រទេសថៃ ដែលទៅសាងកេរ្ដិ៍ឈ្មោះល្បីនៅក្នុងវិស័យសិល្បៈប្រទេសកូរ៉េ គឺមានចំនួនច្រើននាក់។ នៅក្នុងនោះដែរ ក៏មានតារាស្រី Lisa Blackpink (ឈ្មោះពិត Lalisa Manobal ) ដែលជាសមាជិកក្រុមចម្រៀងស្រី Blackpink ។ នាងបានដើរតាមក្ដីស្រមៃរបស់ខ្លួន នឹងជាតារាស្រីម្នាក់ពូកែព្យាយាម អត់ធ្មត់ មិនបោះបង់ការតាំងចិត្ត។ Lisa គឺជាក្មេងស្រីម្នាក់ដែលចូលចិត្តអភិវឌ្ឍន៍ខ្លួនឯងណាស់ ថែមទាំងពូកែរាំក្បាច់ Freeze តាំងពីអាយុ១១ឆ្នាំមក ម្លេះ ។ រហូតដល់នាងបានហ្វឹកហាត់ខ្លួនផ្នែករបាំបុរាណថៃ នឹងធ្លាប់បានចូលរួមការប្រកួតក្បាច់រាំរបស់កម្មវិធី Tobe Numer1។

Lisa ត្រូវបានលេចធ្លោជាងគេនៅក្នុងក្រុមរាំ We Zaa Cool ក្នុងប្រទេសថៃ ដែលមានក្មេងស្រីវ័យ១១ឆ្នាំប្រមាណជា ១១រូបជាសមាជិកក្រុម។ នាងជាក្មេងស្រីតែម្នាក់ ដែលត្រូវបានជ្រើសរើសពី YG Audition Thailand នឹងបានចូលទៅហ្វឹកហាត់ការសម្ដែង និងក្បាច់រាំនៅក្នុងផលិតកម្ម YG នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១១។ នាងជាក្មេងស្រីដែលត្រូវបានក្រុមហ៊ុនឧស្សាហកម្មចម្រៀងកូរ៉េ Kpopដ៏ធំមួយនេះ បណ្ដុះបណ្ដាលអស់រយៈពេល យូរជាង៥ឆ្នាំ ហើយបន្ទាប់មកបានក្លាយជាសមាជិកក្រុមចម្រៀងស្រី Blackpink ថែមទាំងបានបើកទំព័រអាល់ប៊ុមចម្រៀងដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៦។
នៅពេលដែលសមិទ្ធផលការងាររបស់ Lisa បានទាក់ក្រសែភ្នែកមហាជនអ្នកគាំទ្រហើយនោះ ជាមួយគ្នានោះ នាងក៏បានឆ្លងកាត់រឿងរ៉ាវជូរជត់យ៉ាងខ្លាំងនៅប្រទេសកូរ៉េ។ ដោយហ្វេនៗKpopនៅក្នុងប្រទេសកូរ៉េ បានបង្ហោះសារបង្អាប់កេរ្ដិ៍ឈ្មោះនាងថា « ប្រសិនបើ Lisa នាងមិនផាត់មុខមាត់ទេនោះ មុខធម្មជាតិរបស់នាងអាក្រក់មើលណាស់ មិនខុសពីមុនជនជាតិថៃទូទៅ ដែលគ្រប់គ្នាតែងតែនិយាយថា Lisa គឺជាមនុស្សម្នាក់ដែលមកពីប្រទេសអភិវឌ្ឍតិចតួច និងជាជនជាតិថៃដែលចូលមកធ្វើការប្រមែប្រមូលលុយពីប្រទេសកូរ៉េ មិនខុសអីពីកម្មករថៃខុសច្បាប់នោះទេ»។ សារនេះបានបង្ហោះនៅលើ Twitter មិនបានប៉ុន្មាននាទីផង ក៏ក្លាយជារឿងរ៉ាវដ៏ល្បីសុះសាយក្នុងលំដាប់ទី១ ព្រមទាំងមានការភ្ជាប់ Comment និង Hushtag ថា « # RespectLisa » ។ ភ្លាមៗក៏មានតារាសិល្បៈថៃ ព្រមទាំងហ្វេននៅក្នុងប្រទេសថៃ បង្ហោះសារលើកទឹកចិត្ត Lisa ជាហូរហែ។ Lisa បានវិលមកកាន់ប្រទេសថៃ ធ្វើសន្និសីទសារព័ត៌មាន ដើម្បីប្រកាសពីភាពរឹងមាំរបស់នាង និងការតាំងជំហរក្នុងវិថីសិល្បៈប្រទេសកូរ៉េ។

ជីវិតជូរជត់មួយទៀតរបស់ Lisa នាងត្រូវរងការគំរាមសម្លាប់ច្រើនដង រហូតធ្វើឱ្យហ្វេនៗព្រួយបារម្ភពីនាងយ៉ាងខ្លាំង នឹងបានបង្ហោះ Hushtag ថា « #ProtectLisa »។ ហេតុការណ៍ទន្ទឹមគ្នានោះដែរ គណនី wiebo របស់ Lisa ដែលបានប្រើប្រាស់ទំនាក់ទំនងបណ្ដាញសង្គមជាមួយហ្វេនៗប្រទេសចិន ត្រូវបានជនអនាមិក Hack ID របស់នាង លុបចោលអ្នក Follow ខ្ទេចខ្ទីរចោលអស់។ មិនបានប៉ុន្មានម៉ោងផង អ្នកគាំទ្ររបស់ Lisa ក៏បានបង្កើត wiebo ឱ្យនាងឡើងវិញ និងបានទាញអ្នកគាំទ្រមកវិញចំនួនច្រើនជាងមុនថែមទៀតផង។ អ្នកគាំទ្រចិនបានប្រើ Hushtag ថា «#lalalisa» ដើម្បីទាញប្រមូលអ្នកគាំទ្រថ្មីចាស់មកវិញ។ ជីវិតរបស់ Lisa បានទទួលរងការរិះគន់គ្រប់សព្វបែបយ៉ាង គ្រាន់តែឃើញភ្លាម អ្នកគាំទ្រជនជាតិថៃ ចិន និងជប៉ុន ជាច្រើននាក់បានសម្ដែងការព្រួយបារម្ភខ្លាំង ក៏ដូចជាផ្ញើសារលើកទឹកចិត្ត លួងលោមអារម្មណ៍ Lisa ពីការរិះគន់ និងការគំរាមដ៏អាក្រក់នេះ។ ជាមួយគ្នានោះ គ្រប់គ្នាក៏បានសំណូមពរដល់ YG សូមឱ្យចាប់អារម្មណ៍ និងយកចិត្តទុកដាក់ឱ្យ ខ្ពស់ចំពោះសុវត្ថិភាព Lisa ចៀសវាងមានបញ្ហាកើតឡើងណាមួយ។ នេះមិនមែនជាលើកទី១ទេដែល តារាវ័យក្មេងរូបនេះរងនូវការគំរាមកំហែងអាយុជីវិត ព្រោះថា កន្លងមកក៏មានគណនី Instagram មួយបានបង្ហោះលើ Story ថា «នឹងសម្លាប់ Lisa »ផងដែរ។
ទម្រាំមកដល់ចំនុចនេះក្នុងវ័យ២៣ ឆ្នាំ កន្លងមក Lisa ឆ្លងកាត់រឿងរ៉ាវបាក់ទឹកចិត្តជាច្រើន តែនាងនៅតែបន្ដប្រឹងប្រែងតាំងជំហរខ្លួនក្លាយជា Super Star បានរហូតមកដល់សព្វថ្ងៃនេះ ។ Lisa អាចនិយាយភាសាបានជាច្រើនដូចជា ថៃ កូរ៉េ ជប៉ុន និងអង់គ្លេស។ បើតាមការអះអាងរបស់អ្នកសារព័ត៌មានកូរ៉េ បាននិយាយថា Lisa គឺជាតារាស្រីដែលមានវ័យក្មេងជាងគេនៅក្នុងក្រុម ហើយក៏ជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងក្រុមផងដែរ។ នាងត្រូវបានផលិតផលជាច្រើន ទាក់ទងឱ្យធ្វើជាទូតសុឆន្ទៈទូទាំងពិភពលោកតែម្ដង៕