សាងមិត្តជារឿងប្រសើរ តែបើមនុស្ស ៣ ប្រភេទមិនចាំបាច់ល្អជាង!

0

នៅក្នុងជីវិតមនុស្សយើងមិនមានអ្នកណាម្នាក់ដែលជៀសផុតពីការរាប់អានគ្នានោះទេ។ ហើយក៏ដូចដែលគេតែងតែនិយាយភាគច្រើនថារាប់អានមិត្តប្រសើរកសាងត្រូវ ប៉ុន្តែដោយសារពាក្យមិត្តនេះហើយទើបពេលខ្លះធ្វើឱ្យយើងឆាប់ទុកចិត្តដោយមិនបានគិតគូរវែងឆ្ងាយនោះទេ។ ចុងក្រោយបានតែធ្វើឱ្យខ្លួនលំបាក និងខាតពេលអត់ប្រយោជន៍ទៅវិញ។ ដូច្នេះមុនពេលដាក់ចិត្តជឿអ្នកណាម្នាក់គួរតែសង្កេតមើលគេជាមុនសិនដូចជាមនុស្សទាំង ៣ ប្រភេទខាងក្រោមនេះគឺមិនគួរនៅជិតពេកទេ៖

១. មនុស្សមុខពីរ

ប្រសិនបើអាចគឺមិនត្រូវនៅជិតមនុស្សមុខពីរបែបនេះទេ។ មនុស្សប្រភេទនេះជាប្រភេទមនុស្សលាក់ពុត ចូលចិត្តប្រើល្បិចដាក់អ្នកដទៃ និងពិបាកយល់ណាស់។ ពេលខ្លះពួកគេបង្ហាញស្នាមញញឹមសើចសប្បាយតែនៅពីមុខយើងប៉ុណ្ណោះ។ ថ្វីត្បិតតែមនុស្សប្រភេទនេះមិនមែនជាមនុស្សគ្រោះថ្នាក់ តែពួកគេអាចនឹងបង្អាប់ សើចចំអក និងបើកកកាយរឿងយើងឱ្យអ្នកដទៃបានដឹងថែមទៀតផង។ មិនមែននៅសុខៗពួកគេផ្លាស់ប្ដូរនោះទេ ប៉ុន្តែអាចនិយាយបានថារបាំងមុខដែលគេបានពាក់ជាយូរនោះរបូតធ្លាក់ចុះបាត់ហើយ។ ដូច្នេះគួរកុំនៅជិតពួកគេអីព្រោះពួកគេភាគច្រើននឹងឈរអោបដៃមើលយ៉ាងចិត្តត្រជាក់បំផុតពេលយើងមានបញ្ហា។

២. មនុស្សអាត្មានិយម

មនុស្សអាត្មានិយមគឺជាប្រភេទដែលគិតតែពីខ្លួនេង។ ពួកគេគិតថាខ្លួនឯងជាតួឯក ហើយបញ្ហារបស់គេទើបជារឿងធំ។ ជាមួយគ្នានេះដែរ ពួកគេមិនដែលសប្បាយចិត្តនឹងចែករំលែកភាពរីករាយ និងរបស់ជាមួយអ្នកដទៃនោះទេដោយសារពួកគេគិតថាវាគឺជាការខាតបង់។ ភាគច្រើនពួកគេជាមនុស្សដែលបិទបេះដូងខ្លួនឯង មិនចូលចិត្តរាប់អានមិត្តនោះទេ។ ដូច្នេះមិត្តប្រភេទនេះក៏មិនគួររាប់អានជិតស្និទ្ធពេកដែរព្រោះពូកគេតែងតែមានគម្រោងក្នុងចិត្តថារាប់អានយើងដើម្បីចង់បានអ្វីដែលគេប្រាថ្នាប៉ុណ្ណោះ។ លើសពីនេះ ពួកគេនឹងគិតពីខ្លួនឯងមុនជាជាងបោះដៃជួយមិត្តភក្ដិពេលមានបញ្ហា។  

៣. មនុស្សរាប់អានដោយសារសម្លឹងឃើញប្រយោជន៍

មានមិត្តខ្លះគឺជាមនុស្សដែលរាប់អានដោយសារសម្លឹងឃើញតែផលប្រយោជន៍ប៉ុណ្ណោះ។ ពួកគេភាគច្រើននឹងសម្ដែងធ្វើជាប្រើពាក្យសម្ដីផ្អែមល្ហែមដើម្បីលួងលោម និងបោកបញ្ឆោតយើងយកអ្វីដែលគេចង់បានពីយើងទេ។ ត្រូវចាំមនុស្សប្រភេទនេះនៅក្នុងចិត្តគេគ្មានអ្វីក្រៅតែពីពាក្យថាកេងចំណេញ និងផលប្រយោជន៍ឡើយ។ ពេលខ្លះគេអាចនឹងលះបង់ចោលមិត្តភាព យកយើងធ្វើឈ្នាន់ដើម្បីស្រវាយកផលប្រយោជន៍រួមទាំងឋានៈបុណ្យសក្ដិផងដែរ។ ប្រសិនបើយើងអស់ប្រយោជន៍ហើយស្ថិតនៅក្នុងបញ្ហាអ្វីមួយ គេមានតែព្រងើយ និងរុញច្រានយើងបន្ថែមពីលើប៉ុណ្ណោះ។

ដូច្នេះមុនពេលដាក់ចិត្តរាប់អាននរណាម្នាក់ជិតស្និតគួរតែសង្កេតមើលសិន ជៀសវាងថ្ងៃក្រោយនាំទុក្ខឱ្យខ្លួនឯង៕










Post a Comment

0Comments
Post a Comment (0)